សាកលវិទ្យាល័យការពារជាតិ

ប្រវត្តិសង្ខេបរបស់ ស.ក.ជ

សាកលវិទ្យាល័យ​ការពារ​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ​១៩៥៤​ដោយបាន​ដាក់​ឈ្មោះ​ថា​ បណ្ឌិតសភាយោធា​ ដែល​បាន​ដំណើរការ​អប់រំ​បណ្តុះបណ្តាល​នាយទាហានជាន់ខ្ពស់ស្រប​តាម​ សភាពការណ៍​ន​យោបា​យ​ និង​សេដ្ឋកិច្ច​សង្គម​យ៉ាង​ល្អ​ប្រសើរ​។​ ប៉ុន្តែ​នៅ​អំឡុង​ ឆ្នាំ​១៩៧៥-៧៨​ ក្រោម​ការ​ដឹកនាំ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ បណ្ឌិតសភាយោធា​នេះ​ ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំងស្រុង​ ហើយ​បណ្តា​ឯកសារ​ហ្វឹកហ្វឺន​យោធា​ទាំងអស់​នៅ​ពេល​នោះ​ ក៏​ត្រូវ​បាន​ពួក​គេ​កំទេច​បំផ្លាញចោល​ផង​ដែរ​។​

​នៅ​ក្នុង​ឆ្នាំ​១៩៨៤​ ត្រូវ​បាន​បង្កើត​ជា​ថ្មី​ឡើង​វិញ​ដោយ​ឲ្យ​ឈ្មោះ​ថា​ សាលា​នាយ​ទា​ហា​មធ្យម​ជាន់ខ្ពស់​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​មិត្តភាព​ សង្កាត់​ ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​ ដំណើរការ​អប់រំ​បណ្តុះបណ្តាល​នា​ពេល​នោះ​ ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​ ទី​មួយ​ គឺ​ផ្នែក​ហ្វឹកហ្វឺន​នាយទាហាន​ថ្នាក់​មធ្យម​ និង​ទី​ពីរ​ គឺ​ផ្នែក​ហ្វឹកហ្វឺន​នាយទាហានជាន់ខ្ពស់​ ដោយ​មាន​រយៈពេល​ពី​ប្រាំមួយ​ខែដល់មួយឆ្នាំ​ ក្នុង​​វគ្គ​សិក្សា​នីមួយៗ​ ប៉ុន្តែ​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ២៣ តុលា ១៩៩១ ត្រូវ​បាន​រំ​លាយ​ជាថ្មី។​

ក្រោយការបង្រួបបង្រួមជាតិ និងការបោះឆ្នោតឆ្នាំ១៩៩៣ មកក្រសួងការពារជាតិ​ រៀបចំ​ឡើង​វិញ​នូវ​សាលា​ហ្វឹកហ្វឺន​ បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​កង​យោធពល​ខេ​មរ​ភូមិន្ទ​។​ ដូច្នេះបណ្ឌិតសភាយោធា ត្រូវ​បាន​បង្កើត​​សារ​ជា​ថ្មីឡើង​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ជ​ស​⁄​រក​ត​/០៤​ ៩៧/១២​ ចុះ​ថ្ងៃ​ទី​ ១១​ ខែ​ មេ​សា​ ឆ្នាំ​ ១៩៩៧​ មាន​ឈ្មោះ​ថា​ "បណ្ឌិតសភា​កង​យោធ​ពល​ខេម​រភូមិន្ទ" ក្រោយមក​ក៏​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ វិទ្យាស្ថាន​យោធា​កម្ពុជា​ វិញ​ យោង​តាម​អនុក្រឹត្យ​ លេខ​ ១៦​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែ​ កុម្ភ​:​ ឆ្នាំ​ ២០០១​។​ ក្រសួងការពារជាតិ​ បាន​ កំណត់​ក្រប​ខណ្ឌ​ចាត់តាំង​ត្រឹម​ ចំនួន​ ២៦០​ នាក់​ (​យោង​តាម​ប្រកាស​ក្រប​ខណ្ឌ​លេខ​ ០០៣/​ផ​ក​ ចុះ​ថ្ងៃ​ទី​ ១៥​ ខែ​ កុម្ភ​:​ ឆ្នាំ​ ២០០១​ ដែល​បាន​ចុះហត្ថលេខា​ដោយ​សហរដ្ឋមន្ត្រី​ ក្រសួងការពារជាតិ​)​។​


យោងតាមសភាពការណ៍អភិវឌ្ឍន៍វិស័យ​សិក្សា​អប់រំទាំងផ្ទៃក្នុងជាតិ​អន្តរជាតិមានការរីកចំរើនជឿនលឿនប្រកប​ដោយ​វិទ្យាសាស្ត្របច្ចេកទេសខ្ពស់។ ពិសេសវិស័យ​ការពារជាតិ​មានតម្រូវការចាំបាច់​នូវធនធានមនុស្ស​ស្របតាម​សភាព​ការណ៍។អន្តរជាតិមានការរីកចំរើនដូចនេះ​ កង​យោធពលខេមរភូមិន្ទ​ ចាំបាច់​ត្រូវ​កែ​សម្រួល​ និង​រៀបចំ​ឡើង​វិញ​លើ​កម្រិត​បណ្តុះបណ្តាល​ថ្នាក់​បឋម​ មធ្យម​ ឧត្តម​ និង​ក្រោយ​ឧត្តម អំពីជំនាញ​​ភាសាបរទេស​ ព័ត៌មានវិទ្យា​ ភស្តុ​ភារ​បច្ចេកទេស​ បញ្ជាការ​សេនាធិការ​ យុទ្ធសាស្ត្រ​ការពារ​ជាតិ​ សន្តិសុខ​ជាតិ​ និង​អន្តរជាតិ​ ក្នុង​កម្រិត​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​បណ្ឌិត​ ឲ្យ​ស្រប​តាម​ តម្រូវការ​ចាំបាច់​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ការពារ​ជាតិ​។​

ដូច្នេះ​វិទ្យាស្ថាន​យោធា​កម្ពុជា ត្រូវបាន​តម្លើង​ឋានៈជា សាកលវិទ្យាល័យ​ការពារ​ជាតិ ដោយអនុក្រិត្យលេខ ១៣២​អនក្រ.បក ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០៦។ មានក្របខ័ណ្ឌចាត់តាំង ៣២៤​ នាក់តាមសេចក្ដីប្រកាស​ក្រសួង​ការពារជាតិ។