Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នាព្រឹកថ្ងៃសុក្រ ១១ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិ មានកិត្តិយសបានរៀបចំបាឋកថាសាធារណៈក្រោមប្រធានបទ «គំនិតផ្តួចផ្តើមសន្តិសុខសកល និងចំណងមិត្តភាពកម្ពុជា–ចិន» ដោយឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ បាឋកថានេះបានឆ្លុះបញ្ចាំងអំពីទស្សនវិស័យស្តីពីបរិបទសន្តិសុខសកល ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការពង្រឹងចំណងមិត្តភាពដែកថែប ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្របតាមទិសដៅនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ បាឋកថាបានគូសបញ្ជាក់អំពីសារៈសំខាន់នៃ «គំនិតផ្តួចផ្តើមសន្តិសុខសកល» (Global Security Initiative - GSI) ដែលលោកប្រធានាធិបតី ស៊ី ជីនពីង បានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គោលការណ៍សន្តិសុខរួម សន្តិសុខគ្រប់ជ្រុងជ្រោយ សន្តិសុខសហប្រតិបត្តិការ និងសន្តិសុខប្រកបដោយចីរភាព តាមរយៈការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ស្នូលរបស់ប្រទេសនីមួយៗ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងពហុភាគីនិយម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងថា អាចរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលតំបន់កំពុងប្រឈមនឹងបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាសន្តិសុខមិនមែនប្រពៃណីកាន់តែស្មុគស្មាញ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា គំនិតផ្តួចផ្តើមនេះក៏ត្រូវបានចាត់ទុកថា ជាក្របខណ្ឌមួយសម្រាប់ពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការកសាងសមត្ថភាពស្ថាប័ន និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួមប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ បាឋកថាក៏បានផ្តល់នូវទស្សនៈ និងចំណេះដឹងដ៏មានតម្លៃដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យ និងសិក្ខាកាមរបស់សាកលវិទ្យាល័យការពារជាតិ អំពីនិន្នាការវិវត្តនៃបរិយាកាសសន្តិសុខក្នុងតំបន់ និងសកល ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការកម្ពុជា–ចិននាពេលអនាគត ដែលនឹងបន្តរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរវាងប្រទេសទាំងពីរ។