Search

Travel Tips

Lorem ipsum dolor sit amet, consectetur adipiscing elit.

Lifestyle

Lorem ipsum dolor sit amet, consectetur adipiscing elit.

Hotel Review

Lorem ipsum dolor sit amet, consectetur adipiscing elit.

ព័ត៌មាន

មិត្តភាព និងដៃគូសហប្រតិបត្តិការដ៏យូអង្វែង

នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិបានរៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅទទួលស្វាគមន៍ប្រតិភូមហាវិទ្យាល័យសង្គ្រាមអូស្រ្តាលី ដឹកនាំដោយលោកជំទាវ ឧត្តមសេនីយ៍ត្រី Lara Troy (ឡារ៉ា ត្រយ - ភេទស្រី) មេបញ្ជាការមហាវិទ្យាល័យសង្គ្រាមអូស្ត្រាលី និងនាយទាហានអមដំណើរចំនួន ០៣រូប ព្រមទាំងសិក្ខាកាមចំនួន ១៣រូប ដែលកំពុងសិក្សាវគ្គបញ្ជាការ-សេនាធិការអូស្រ្តាលីអញ្ជើញមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជាចំនួនមួយព្រឹកក្នុងគោលបំណងដូចខាងក្រោម៖ - ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ដើម្បីពង្រឹង និងស្វែករកលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តការរវាងស្ថាប័នអប់រំយោធាទាំងពីរដូចជាទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សរយៈពេលខ្លី និងការកសាងវគ្គសន្តិសុខជាតិនៅសាកលវិទ្យាល័យការពារជាតិជាដើម។ ក្នុងនោះដែរ ឯកឧត្ដម សាកលវិទ្យាធិការ ក៏បានបង្ហាញពីគោលបំណងក្នុងការអញ្ជើញ លោកជំទាវ មេបញ្ជាការ មកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ាន (ARF HDUCIM) លើកទី២៧ នៅព្រះរាជាណាចក្រកម្ពុជា ដែលសាកលវិទ្យាល័យការពារជាតិគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ និងសហប្រធានជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ - ភាគីទាំងពីរក៏បានផ្លាស់ប្ដូធ្វើបទបង្ហាញទៅវិញទៅមុខជាមួយនឹងសំណួរ និងចម្លើយស្ដីពីរចនាសម្ព័ន្ធ និងកម្មវិធីហ្វឹកហ្វឺននៃស្ថាប័នអប់រំទាំងពីដើម្បីសិក្សារៀនសូត្រពីកម្មវិធីសិក្សាពីសមភាគីនីមួយៗផងដែរ។ - ជាចុងក្រោយ សាកលវិទ្យាល័យការពារជាតិក៏បានរៀបចំឱ្យប្រតិភូជាសិក្ខាកាមចូលតាមថ្នាក់រៀននៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា ដើម្បីមានឱកាសក្នុងការស្វែងយល់បន្ថែមពីវប្បធម៌របស់កងយោធពលខេមរភូមិន្ទ និងកម្ពុជាផងដែរ។ សូមគូសបញ្ជាក់ផងដែរថា កងទ័ពភូមិន្ទអូស្រ្តាលីជាដៃគូសហប្រតិបត្តិការដ៏យូអង្វែងរបស់សាកលវិទ្យាល័យការពារជាតិចាប់តាំងពីឆ្នាំ១៩៩៤ មកម្លេះជាពិសេសទៅលើការបណ្ដុះបណ្ដាលធានធានមនុស្សផ្នែកភាសាអង់គ្លេស។ ថ្មីៗនេះ កិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រីកទៅលើវិស័យជាច្រើនបន្ថែមទៀតដូចជាការផ្លាស់ប្ដូរដំណើទស្សនៈកិច្ចនៃថ្នាក់ដឹកនាំ និងអ្នកជំនាញ ក៏ដូចជាការបណ្ដុះបណ្ដាលធានធានមនុស្សកម្រិតយុទ្ធសាស្រ្តផងដែរ។

ឈានទៅមុខឱ្យកាន់តែបានឆ្ងាយជាមួយព័ត៌មានវិទ្យា

នាព្រឹកថ្ងៃសុក្រ ១១ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិបានរៀបចំឱ្យនិស្សិតវគ្គបណ្ដុះបណ្ដាលបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ ជំនាន់៦ ធ្វើតេស្ដក្នុងការប្រើប្រាស់កម្មវិធី Microsoft word និង Power Point ដែលជាចំណេះដឹងមូលដ្ឋានគ្រឹះចាប់បាច់ដើម្បីបន្តការសិក្សាឱ្យបានជោគជ័យ ជាពិសេសសម្រាប់ការសរសេរ និងធ្វើបទបង្ហាញការពារសារណាបញ្ចប់វគ្គបណ្ដុះបណ្ដាលបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ នៅមហាវិទ្យាល័យព័ត៌មានវិទ្យា។

របាយការណ៍ + ចុះពិនិត្យផ្ទាល់ = ព័ត៏មានគ្រប់ជ្រុងជ្រោយ

នាព្រឹកថ្ងៃសុក្រ ១១ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានឆ្លៀតពេលដ៏មមារញឹក អញ្ជើញជួបសំណេះសំណាលជាមួយយោធាចារ្យ និងបុគ្គលិកអបរំទាំងអស់នៃសាកលវិទ្យាល័យការពារជាតិ ដើម្បីផ្សព្វផ្សាយ ក៏ដូចជាពន្យល់ពីសភាពការណ៍ដែលកំពុងវិវត្តថ្មី និងជាពិសេសស្ដាប់ដើម្បីចូលរួមចំណែករកវិធីដោះស្រាយកិច្ចការស្ដីពីសុខមាលភាពរបស់យោធាចារ្យ និងបុគ្គលិករបស់សាកលវិទ្យាល័យការពារជាតិ។

ទ្រឹស្តីផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង

នាថ្ងៃពុធ ៩ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីបានសិក្សាទ្រឹស្ដីក្នុងថ្នាក់រៀនរួចមក សាកលវិទ្យាល័យការពារជាតិបានរៀបចំឱ្យនិស្សិតនៃវគ្គបណ្តុះបណ្តាលការពារជាតិ ជំនាន់ទី១៩ ចុះទីលានហ្វឹកហាត់ជាក់ស្តែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែម និងប្រៀបធៀបរវាងទិដ្ឋភាពទ្រឹស្ដី និងការអនុវត្តនៅទីតាំងផ្ទាល់។

កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា

នាល្ងាចថ្ងៃច័ន្ទ ៧ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញជួបប្រជុំទ្វេភាគីតាមប្រព័ន្ធនិម្មិត (អនឡាញ) ជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ Jeannot Boucher មេបញ្ជការ សាលាបណ្ឌិត្យសភាយោធាកាណាដា ដើម្បីពិភាក្សាទៅលើរបៀបវរៈមួយចំនួនដូចខាងក្រោម៖ - ជួបសម្ដែងការគួរសម និងបង្ហាញមុខទៅវិញទៅមកក្នុងឱកាស ឯកឧត្ដម ឧត្ដមសេនីយ៍ទោ Jeannot Boucher ទើបត្រូវបានតែងតាំងជាមេបញ្ជការ សាលាបណ្ឌិត្យសភាយោធាកាណាដាថ្មី ជំនួស ឯកឧត្ដម ឧត្ដមសេនីយ៍ទោ Denis O'Reilly ដែលត្រូវទទួលភារកិច្ចថ្មី។ - ពិភាក្សាទៅលើវឌ្ឍនភាពនៃកិច្ចការការប្រុងប្រៀបរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ានលើកទី២៧ (ARF HDUCIM) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងសហប្រធានជាមួយភាគីកាណាដា - ពិនិត្យលទ្ធភាពក្នុងការពង្រីកសហប្រតិបត្តិការបន្ថែមដូចជាការអញ្ជើញមេបញ្ជការ សាលាបណ្ឌិត្យសភាយោធាកាណាដា មកធ្វើបឋកថានៅសាកលវិទ្យាល័យការពារជាតិជាដើម។ សូមគូសបញ្ជាក់ជម្រាបជូនសាធារណៈជនផងដែរថា នាថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ សាកលវិទ្យាល័យការពារជាតិ និងរៀបចំធ្វើជាម្ចាស់ផ្ទះ និងជាប្រធានជាមួយភាគីកាណាដារៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ានលើកទី២៧ ដែលមានសមាជិកសរុប ២៧ ប្រទេស។

«ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»

ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯកឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលយុវជន ស.ក.ជ ក្រុមការងារយុវជនសាកលវិទ្យាល័យការពារជាតិបានចូលរួមកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ” ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបាននឹងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសនិ្នបាតកោះពេជ្រ។ សូមជម្រាបជូនផងដែលថាកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម។ លើសពីនេះ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ មានគោលបំណងផ្ដល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងផ្ដល់ជាវេទិកាក្នុងការប្រមូលផ្ដុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ និងពួតដៃគ្នាសាមគ្គីគ្នា ជឿជាក់លើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

ខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌល THE DANIEL K. INOUYE អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការសិក្សាសន្តិសុខ (APCSS)

ថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៥ ៖ ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងតបតាមការអញ្ជើញពីសំណាក់សមភាគីអាមេរិក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាដើម្បីអបអរសាទរ ខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌល THE DANIEL K. INOUYE អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការសិក្សាសន្តិសុខ (APCSS) នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី ៖ - កំណត់សកម្មភាពដែលអាចយកមកអនុវត្តជាក់ស្តែងបានដើម្បីបង្កើនគុណភាពអប់រំនៅមជ្ឈមណ្ឌល DKI APCSS ក៏ដូចជាដើម្បីពង្រឹងបណ្តាញអតីតនិស្សិតដែលធ្លាប់សិក្សានៅមជ្ឈមណ្ឌលកន្លងមកផងដែរ។ - ស្នើសុំមតិកែលម្អពីប្រភពដែលអាចទុកចិត្តបានលើការបង្កើនភាពធន់ដោយអនុលោមទៅតាមគោលនយោបាយការពារជាតិអាមេរិកបច្ចុប្បន្ន និងទៅថ្ងៃអនាគត និងនិន្នាការសន្តិសុខក្នុងតំបន់នៅឥណ្ឌូប៉ាស៊ីហ្វិក។ - កំណត់សកម្មភាពដើម្បីពង្រឹងភាពរឹងមាំជាមួយប្រទេសជាដៃគូ ដើម្បីទប់ទល់នឹងការបង្ខិតបង្ខំ និងឥទ្ធិពលព្យាបាទណាមួយពីភាគីអរិយ។ លើពីនេះមុនធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ឯកឧត្ដម សាកលវិទ្យាធិការ ក៏បានអញ្ជើញជួបសំណេះសំណាល និងផ្លាស់ប្ដូវត្ថុអនុស្សាវរីយ៍រួមមានក្រមាដែលជាអត្តសញ្ញាណជាតិខ្មែរជាមួយ នាយកមជ្ឈមណ្ឌល DKI APCSS ផងដែរ។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល របស់ព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃពុធ ២ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៥) នៅវិមានរដ្ឋធម្មនុញ្ញ។

សាកលវិទ្យាល័យការពារជាតិ ២៤/៧

ចាប់តាំងពីមានការផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែនដែលបង្កឡើងដោយការឈ្លានពានពីភាគីថៃ ចូលទឹកដីកម្ពុជាមក តបតាមសំណើររបស់ក្រសួងការពារជាតិ និងក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានចាត់បញ្ជូននាយទាហានដែលមានជំនាញភាសាអង់គ្លេស និងព័ត៌មានវិទ្យាជាបន្តបន្ទាប់ដើម្បីគាំទ្រផ្នែកការបកប្រែភាសា និងបច្ចេកទេសព័ត៌មានវិទ្យាមួយចំនួន ដល់បញ្ជាការដ្ឋានព័ត៌មាន ក្រសួងការពារជាតិ និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ ឱ្យទទួលបានជោគជ័យ ជាមួយនឹងគោលដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។

ដំណើរទស្សនកិច្ច ឯកឧត្ដម សាកលវិទ្យាធិការ ទៅកាន់រដ្ឋហាវៃ សហរដ្ឋអាមេរិក

នាយប់ថ្ងៃច័ន្ទ ៨ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងតបតាមការអញ្ជើញពីសំណាក់សមភាគីអាមេរិក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចេញដំណើរទៅចូលរួមសិក្ខាសាលាដើម្បីអបអរសាទរ ខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌល THE DANIEL K. INOUYE អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការសិក្សាសន្តិសុខ (APCSS) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក តាមច្រកពិសេស VIP នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ សាកលវិទ្យាល័យការពារជាតិសូមគោរពជូនពរ ឯកឧត្ដម សាកលវិទ្យាធិការ ធ្វើដំណើរប្រកបដោយសេចក្ដីសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនៈកិច្ចនេះ នាំមកវិញជាឧត្ដមប្រយោជន៍ដល់សាកលវិទ្យាល័យការពារជាតិ ដើម្បីចូលរួមចំណែកដល់វឌ្ឍនភាពរបស់កងយោធពលខេមរភូមិន្ទទាំងមូល។

ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសាខ្មែរ ជូនដល់និស្សិតយោធាសាធារណរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសាខ្មែរ ជូនដល់និស្សិតយោធាសាធារណរដ្ឋប្រជាមានិតចិន ចំនួនពីររូបដែលបានបំពេញគ្រប់លក្ខខណ្ឌបញ្ចប់ការសិក្សាដោយជោគជ័យរយៈពេលមួយឆ្នាំសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា។

ពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រភាសាខ្មែរ ជំនាន់ទី៩ ជូនដល់និស្សិតយោធាបរទេស

យោងតាមប្រកាសលេខ០៣៥ ប្រក.កពជ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ស្ដីពីការប្រគល់សញ្ញាបត្រ បរិញ្ញាបត្រភាសាខ្មែរ និងយោងតាមប្រកាសលេខ ០១៧/០៨២៥ បល. ស្ដីពីការជូនប័ណ្ណសរសើររបស់ក្រសួងការពារជាតិ នាព្រឹកថ្ងៃពុធ ១១ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ សាកលវិទ្យាល័យការពារជាតិ ដែលមានមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា ជាសេនាធិការ បានរៀបចំពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រភាសាខ្មែរ ជំនាន់ទី៩ និងក៏ដូចជាប័ណ្ណសរសើរ និងលិខិតសរសើរ ជូនដល់និស្សិតជ័យលាភី និងនិស្សិតឆ្នើមយោធាបរទេសដែលបានបំពេញគ្រប់លក្ខខណ្ឌបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ២៤រូប មកពីប្រទេសចំនួន ៣ រួមមានមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ។