Search

Travel Tips

Lorem ipsum dolor sit amet, consectetur adipiscing elit.

Lifestyle

Lorem ipsum dolor sit amet, consectetur adipiscing elit.

Hotel Review

Lorem ipsum dolor sit amet, consectetur adipiscing elit.

ព័ត៌មាន
កាលពីថ្ងៃសុក្រ ជួបមិត្តចិន។ ថ្ងៃច័ន្ទ ជួបមិត្តបារាំង។ ចំណែកថ្ងៃនេះ ជួបមិត្តអូស្រ្តាលី ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នារសៀលថ្ងៃអង្គារ ១៥ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកវរសេនីយ៍ត្រី Stuart Patterson មន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការផ្នែកអប់រំការពារជាតិអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា។ ជំនួបនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំយោធារវាងភាគីទាំងពីរកន្លងមក ព្រមទាំងពិភាក្សាអំពីគំនិតផ្តើមថ្មីៗ និងផែនការសហប្រតិបត្តិការនានា ដែលគ្រោងនឹងអនុវត្តនាពេលខាងមុខ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យការពារជាតិ និងភាគីអូស្រ្តាលី។

ជំនួបពិភាក្សាការងារជាមួយប្រធានបេសកកម្មសហប្រតិបត្តិការការពារជាតិបារាំងប្រចាំកម្ពុជា

នារសៀលថ្ងៃចន្ទ ១៤ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកវរសេនីយ៍ទោ អូលីវីយេ ឡឺហ្គ្រង់ ប្រធានបេសកកម្មសហប្រតិបត្តិការការពារជាតិបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំយោធានាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីគំនិតផ្តួចផ្តើម និងផែនការសហប្រតិបត្តិការនានា ដែលគ្រោងនឹងអនុវត្តនាពេលដ៏ខ្លីខាងមុខ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យការពារជាតិ និងភាគីបារាំង។

បាឋកថាសាធារណៈស្ដីពីប្រធានបទ ”គំនិតផ្តួចផ្តើមសន្តិសុខសកល និងចំណងមិត្តភាពកម្ពុជា-ចិន”

នាព្រឹកថ្ងៃសុក្រ ១១ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិ មានកិត្តិយសបានរៀបចំបាឋកថាសាធារណៈក្រោមប្រធានបទ «គំនិតផ្តួចផ្តើមសន្តិសុខសកល និងចំណងមិត្តភាពកម្ពុជា–ចិន» ដោយឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ បាឋកថានេះបានឆ្លុះបញ្ចាំងអំពីទស្សនវិស័យស្តីពីបរិបទសន្តិសុខសកល ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការពង្រឹងចំណងមិត្តភាពដែកថែប ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្របតាមទិសដៅនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ បាឋកថាបានគូសបញ្ជាក់អំពីសារៈសំខាន់នៃ «គំនិតផ្តួចផ្តើមសន្តិសុខសកល» (Global Security Initiative - GSI) ដែលលោកប្រធានាធិបតី ស៊ី ជីនពីង បានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់គោលការណ៍សន្តិសុខរួម សន្តិសុខគ្រប់ជ្រុងជ្រោយ សន្តិសុខសហប្រតិបត្តិការ និងសន្តិសុខប្រកបដោយចីរភាព តាមរយៈការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ស្នូលរបស់ប្រទេសនីមួយៗ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងពហុភាគីនិយម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងថា អាចរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលដែលតំបន់កំពុងប្រឈមនឹងបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាសន្តិសុខមិនមែនប្រពៃណីកាន់តែស្មុគស្មាញ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា គំនិតផ្តួចផ្តើមនេះក៏ត្រូវបានចាត់ទុកថា ជាក្របខណ្ឌមួយសម្រាប់ពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការកសាងសមត្ថភាពស្ថាប័ន និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួមប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ បាឋកថាក៏បានផ្តល់នូវទស្សនៈ និងចំណេះដឹងដ៏មានតម្លៃដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យ និងសិក្ខាកាមរបស់សាកលវិទ្យាល័យការពារជាតិ អំពីនិន្នាការវិវត្តនៃបរិយាកាសសន្តិសុខក្នុងតំបន់ និងសកល ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការកម្ពុជា–ចិននាពេលអនាគត ដែលនឹងបន្តរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរវាងប្រទេសទាំងពីរ។

វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពី «បច្ចេកទេសដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វ» នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

នារសៀលថ្ងៃចន្ទ ១៥ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យការងារធានា និងចិញ្ចឹមទ័ព ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅយុទ្ធសាស្ត្រ និងសម្រេចបាននូវលទ្ធផលជាក់ស្តែង សាកលវិទ្យាល័យការពារជាតិ បានសហការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពី «បច្ចេកទេសដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វ» នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹងទ្រឹស្តី និងផ្តល់ជំនាញអនុវត្តជាក់ស្តែងលើបច្ចេកទេសដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វ ដើម្បីគាំទ្រដល់ការងារធានា និងចិញ្ចឹមទ័ព ព្រមទាំងលើកកម្ពស់សមត្ថភាពនិស្សិតនៃមហាវិទ្យាល័យភស្តុភារ និងហិរញ្ញវត្ថុយោធា ឱ្យអាចយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅតាមបណ្តាអង្គភាពនានា បន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីរួមចំណែកពង្រឹងការងារធានា និងចិញ្ចឹមទ័ព ឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងឆ្លើយតបបានកាន់តែល្អប្រសើរចំពោះតម្រូវការជាក់ស្តែងរបស់កងយោធពលខេមរភូមិន្ទ។

ដំណើរទស្សនកិច្ចសិក្សា និងពិភាក្សាការងារនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)

នាព្រឹកថ្ងៃច័ន្ទ ១៥ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានដឹកនាំគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិ អញ្ជើញបំពេញទស្សនកិច្ចសិក្សា និងពិភាក្សាការងារនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្នុងគោលបំណងស្វែងរកកាលានុវត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សមត្ថភាពយោធិនជាបុគ្គលិក និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការនៃការអភិវឌ្ឍធនធានមនុស្ស និងការបំពេញភារកិច្ចជូនជាតិ។